ចំនួនមើល: 4058
អំពីច្បាប់បើកព្រំដែនថ្មីរបស់ជប៉ុន
តើអ្នកណាអាចចូលប្រទេសជប៉ុនបាន? ពេលណា? និងការធ្វើចត្តាឡីស័កមានលក្ខណៈយ៉ាងណាដែរឥឡូវនេះ?
ការរឹតបន្តឹងព្រំដែន ដើម្បីទប់ស្កាត់មេរោគកូវីដ19 គឺតែងតែផ្លាស់ប្តូរ ហើយវាអាចពិបាកក្នុងការតាមដានព័ត៌មានថ្មីៗស្តីពីការរឹតបន្តឹងព្រំដែនរបស់ប្រទេសជប៉ុន។ ដើម្បីធ្វើឲ្យអ្នកមានភាពងាយស្រួល និងទទួលបានព័ត៌មានថ្មីៗនៃការផ្លាស់ប្តូរច្បាប់ចុងក្រោយ យើងបានឆ្លើយសំណួរទូទៅមួយចំនួនដែលទាក់ទងនឹងការរឹតបន្តឹងព្រំដែនបច្ចុប្បន្នរបស់ប្រទេសជប៉ុន។
ព័ត៌មានខាងក្រោមគឺផ្អែកលើការសម្រេចចិត្តចុងក្រោយរបស់រដ្ឋាភិបាលក្នុងការបន្ធូរបន្ថយការរឹតបន្តឹងព្រំដែន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 1 ខែមីនា ឆ្នាំ 2022 កន្លងទៅ។
តើអ្នកណាអាចចូលប្រទេសជប៉ុនបាន?
គិតត្រឹមថ្ងៃទី 1 ខែមីនា ជនបរទេស អ្នកធ្វើដំណើរអាជីវកម្ម សិក្ខាកាម ពលករជំនាញ និងនិស្សិតបរទេសត្រូវបានអនុញ្ញាតឱ្យចូលប្រទេសជប៉ុន ប៉ុន្តែព្រំដែននៅតែបន្តបិទសម្រាប់ភ្ញៀវទេសចរ។
ចំណាំ៖ ប្តី/ប្រពន្ធ និងកូនរបស់ជនជាតិជប៉ុន ក៏ដូចជាជនបរទេសដែលមានស្ថានភាពស្នាក់នៅរយៈពេលវែងត្រូវបានចាត់ចូល "កាលៈទេសៈពិសេស" ដែលអនុញ្ញាតឱ្យពួកគេចូលប្រទេសជប៉ុនឡើងវិញដោយមិនគិតពីការរឹតបន្តឹងការធ្វើដំណើរបច្ចុប្បន្នឡើយ។
តើខ្ញុំត្រូវការអ្វីខ្លះដើម្បីចូលប្រទេសជប៉ុនបាន?
បច្ចុប្បន្ននេះ អ្នកត្រូវត្រៀមនិងរៀបចំឯកសារមានដូចខាងក្រោមមុនពេលចេញដំណើរ៖
- លិខិតធ្វើតេស្តកូវីដ១៩ (លទ្ធផលអវិជ្ជមាន) ទទួលបានក្នុងរយៈពេល 72 ម៉ោងមុនចេញដំណើរ
- ច្បាប់ចម្លងដែលបានចុះហត្ថលេខាលើការសន្យាជាលាយលក្ខណ៍អក្សរ(the Written Pledge) (មានជាភាសាអង់គ្លេស និងជប៉ុន)
- បំពេញកម្រងសំណួរ ដែលគ្រប់គ្រងជាឌីជីថលដោយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព
នៅពេលទៅដល់ជប៉ុន មុនពេលចេញពីអាកាសយានដ្ឋាន អ្នកត្រូវធ្វើដូចខាងក្រោម៖
- ប្រគល់ឯកសារខាងលើ
- ធ្វើតេស្ត PCR
- ទាញយកកម្មវិធីត្រួតពិនិត្យសុខភាពដែលតម្រូវដោយរដ្ឋាភិបាល
តើមានមនុស្សប៉ុន្មាននាក់អាចចូលប្រទេសជប៉ុនបាន?
បច្ចុប្បន្នចំនួនអ្នកចូលប្រទេសជប៉ុនបានត្រឹម 7,000 នាក់ក្នុងមួយថ្ងៃ ប៉ុន្តែក្នុងពេលឆាប់ៗនេះ រដ្ឋាភិបាលអាចបង្កើនកម្រិតប្រចាំថ្ងៃដល់ 10,000 នាក់ក្នុងមួយថ្ងៃ។ ក្នុងនេះដែរ អ្នកធ្វើដំណើរដែលធ្វើតេស្តអវិជ្ជមានសម្រាប់កូវីដ19 នៅពេលមកដល់ក៏នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរសាធារណៈពីអាកាសយានដ្ឋានទៅកាន់គោលដៅរបស់ពួកគេសម្រាប់ចត្តាឡីស័ក (ត្រូវតែស្ថិតក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការធ្វើតេស្ត)។
តើលក្ខខណ្ឌចត្តាឡីស័កសម្រាប់អ្នកដំណើរពីក្រៅប្រទេសមានអ្វីខ្លះ?
ជាទូទៅ អ្នកធ្វើដំណើរនឹងតម្រូវឱ្យធ្វើចត្តាឡីស័ក 7 ថ្ងៃ។
ប៉ុន្តែ ចំនួនថ្ងៃចំពោះការធ្វើចត្តាឡីស័កត្រូវបានកំណត់ដោយយោងតាមតំបន់ប្រទេសដែលពួកគេធ្វើដំណើរចេញមក និងស្ថានភាពវ៉ាក់សាំងកូវីដ19 របស់ពួកគេដែលមាន4ករណី។
ករណីទី1៖ បើសិនជាអ្នកធ្វើដំណើរមកពីប្រទេស ឬតំបន់ដែលកំណត់ដោយរដ្ឋាភិបាលជប៉ុនថាជាកន្លែងដែលមានមេរោគកូវីដ19បំប្លែងថ្មី Omicronខ្លាំង ហើយអ្នកមិនទាន់បានទទួលវ៉ាក់សាំងការពារពេញលេញនោះទេ អ្នកនឹងត្រូវធ្វើចត្តាឡីស័ក3ថ្ងៃដំបូងសិននៅក្នុងសណ្ឋាគារនៅអាកាសយានដ្ឋាន ឬកន្លែងផ្សេងទៀតដែលណែនាំដោយរដ្ឋាភិបាល។ បន្ទាប់មកទើបធ្វើចត្តាឡីស័ក7ថ្ងៃនៅផ្ទះរបស់ខ្លួនបន្តទៀត។
ករណីទី2៖ បើសិនជាអ្នកធ្វើដំណើរមកពីប្រទេស ឬតំបន់ដែលកំណត់ដោយរដ្ឋាភិបាលជប៉ុនថាជាកន្លែងដែលមានមេរោគកូវីដ19បំប្លែងថ្មី Omicronខ្លាំង តែអ្នកបានទទួលវ៉ាក់សាំងការពារពេញលេញ អ្នកអាចធ្វើចត្តាឡីស័ករយៈពេល7ថ្ងៃនៅផ្ទះរបស់ខ្លួនបាន។ ហើយ ប្រសិនបើអ្នកជ្រើសរើសធ្វើតេស្តរកមេរោគកូវីដ19នៅថ្ងៃទី3 ហើយលទ្ធផលគឺអវិជ្ជមាន នោះអ្នកពុំចាំបាច់បន្តធ្វើចត្តាឡីស័កទៀតទេ។
ករណីទី3៖ បើសិនជាអ្នកធ្វើដំណើរមកពីប្រទេស ឬតំបន់ដែលមិនត្រូវបានកំណត់ដោយរដ្ឋាភិបាលជប៉ុនថាជាកន្លែងដែលមានមេរោគកូវីដ19បំប្លែងថ្មី Omicronខ្លាំង តែមិនបានទទួលវ៉ាក់សាំងពេញលេញ អ្នកក៏អាចធ្វើចត្តាឡីស័ក7ថ្ងៃនៅផ្ទះរបស់ខ្លួនបានផងដែរ។ ហើយប្រសិនបើអ្នកធ្វើតេស្តអវិជ្ជមាននៅថ្ងៃទី 3 នោះអ្នកក៏ពុំចាំបាច់បន្តការធ្វើចត្តាឡីស័កទៀតដែរ។
ករណីទី4៖ ចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ ហើយមកពីតំបន់ឬប្រទេសដែលមិនបានកំណត់ថាជាកន្លែងដែលមានមេរោគកូវីដ19បំប្លែងថ្មី Omicronខ្លាំង ដោយរដ្ឋាភិបាលនោះ នឹងត្រូវបានលើកលែងការធ្វើចត្តាឡីស័កទាំងស្រុង។
តើប្រទេសណាខ្លះដែលត្រូវបានកំណត់ជាកន្លែងដែលមានមេរោគកូវីដ19បំប្លែងថ្មី Omicronខ្លាំង?
គិតត្រឹមថ្ងៃទី 17 ខែមីនា ប្រទេស និងតំបន់ចំនួន 14 ខាងក្រោមត្រូវបានចាត់ជាកន្លែងដែលមានមេរោគកូវីដ19បំប្លែងថ្មី Omicronខ្លាំង ហើយតម្រូវឲ្យធ្វើចត្តាឡីស័ក3ថ្ងៃដំបូងនៅក្នុងសណ្ឋាគារនៅអាកាសយានដ្ឋាន ឬកន្លែងផ្សេងទៀតដែលណែនាំដោយរដ្ឋាភិបាល៖
- អេហ្ស៊ីប
- ឥណ្ឌូនេស៊ី
- អ៊ីរ៉ង់
- ម៉ុងហ្គោលី
- មីយ៉ាន់ម៉ា
- នេប៉ាល់
- ប៉ាគីស្ថាន
- សាធារណៈរដ្ឋកូរ៉េ
- ប្រទេសរុស្ស៊ី
- អារ៉ាប៊ីសាអូឌីត
- សិង្ហបុរី
- ស្រីលង្កា
- តួកគី
- វៀតណាម
គួរបញ្ជាក់ដែរថា ប្រទេស កម្ពុជា ម៉ិកស៊ិកូ ស៊ុយអែត និងស្វីស ត្រូវបានដកចេញពីបញ្ជីខាងលើនៅដើមខែមីនានេះ។
ប្រភព៖ Time Out