ចំនួនមើល: 1853
7 ចំណុចដែលគួរសិក្សាភាសាជប៉ុន
ភាសាជប៉ុនត្រូវបានគេដឹងថាជាភាសាមួយដែលមានភាពល្បីល្បាញខ្លាំងក្នុងចំណោមភាសាទាំងអស់លើពិភពលោក។ ខាងក្រោមនេះជាចំណុចទាំង៧ ដែលអ្នកគួរសិក្សាភាសាជប៉ុន៖
1. បង្កើនឱកាសការងារ និងអាជីវកម្មទាំងក្នុងស្រុក និងប្រទេសជប៉ុន (បង្កើនប្រាក់ចំណូល)
ចង់ទៅធ្វើការនៅប្រទេសជប៉ុនមែនទេ? វានឹងធ្វើឱ្យអ្វីៗដំណើរការកាន់តែរលូន ប្រសិនបើអ្នករៀនភាសាជប៉ុន។ លើសពីនេះ ចំំពោះការធ្វើអាជីវកម្មវិញ ការអាចប្រាស្រ័យទាក់ទងជាមួយអតិថិជនឬដៃគូរអាជីវកម្មដោយប្រើប្រាស់ភាសារបស់គេគឺជាគន្លឹះដើម្បីឈ្នះក្នុងវិស័យអាជីវកម្ម។ ការចេះភាសាជប៉ុននឹងធ្វើឲ្យអ្នកទទួលបាននូវទិដ្ឋភាពខាងក្នុងនៃវប្បធម៌ជប៉ុន ដូចជា ការយល់ដឹងអំពីក្រមសីលធម៌ការងារ និងក្រមសីលធម៌អាជីវកម្មរបស់ជនជាតិជប៉ុនជាដើម។
2. ឱកាសអាហារូបករណ៍សិក្សា និងកម្មសិក្សានៅប្រទេសជប៉ុន
ប្រសិនបើអ្នកចាប់អារម្មណ៍ទៅសិក្សានៅបរទេស ប្រទេសជប៉ុនគឺជាជម្រើសមួយដ៏ល្អបំផុត ពីព្រោះសាលាជប៉ុនមានស្តង់ដារខ្ពស់ក្នុងគ្រប់កម្រិតនៃការអប់រំ។ បើសិនជាអ្នកចេះជប៉ុនស្រាប់ នោះវានឹងធ្វើឲ្យការសិក្សារបស់អ្នកនៅប្រទេសជប៉ុននឹងកាន់តែមានភាពប្រសើរឡើង។ ក្នុងនោះផងដែរ ប្រទេសជប៉ុនតែងធ្វើការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតបរទេសដែលមានបំណងចង់សិក្សានិងធ្វើកម្មសិក្សានៅប្រទេសជប៉ុន។ ដូច្នេះការចេះភាសាជប៉ុន នឹងមានប្រយោជន៍ខ្លាំង បើសិនជាអ្នកចង់ស្នើសុំអាហារូបករណ៍ទាំងនោះ។
3. ទទួលបាននូវភាពច្នៃប្រឌិត បទពិសោធន៍ និងការស់នៅរបស់ជនជាតិជប៉ុន
ប្រទេសជប៉ុនជាប្រទេសដីកោះដាច់ស្រយាលដែលមានភូមិសាស្ត្រមិនសម្បូរទៅធនធានធម្មជាតិនោះទេ តែបើយើងមើលពីការអភិវឌ្ឍរបស់ជប៉ុនគឺស្ថិតក្នុងកម្រិតគួរឲ្យកត់សម្គាល់ខ្លាំង។ ជនជាតិជប៉ុនបានពឹងផ្អែកលើការច្នៃប្រឌិត និងចំណេះដឹងផ្នែកវិទ្យាសាស្ត្ររបស់ពួកគេ ដើម្បីទទួលបានជោគជ័យមិនត្រឹមតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក្នុងផ្នែកបរិស្ថាន និងវិធីតម្រង់ទិសប្រកបដោយប្រសិទ្ធភាពផងដែរ។ ជនជាតិជប៉ុនត្រូវបានគេស្គាល់ថាជាអ្នកដឹកនាំបច្ចេកវិទ្យាខ្ពស់ក្នុងវិស័យដូចជា ប្រព័ន្ធផ្សព្វផ្សាយអុបទិក ការផលិតគ្រឿងអេឡិចត្រូនិក ឧស្សាហកម្ម និងមនុស្សយន្តជាដើម។ ដូច្នេះ ការចេះភាសាជប៉ុន នឹងធ្វើឲ្យអ្នកយល់ពីភាពច្នៃប្រឌិត បទពិសោធន៍ និងការអភិវឌ្ឃដ៏លឿនរបស់ប្រទេសជប៉ុនបានកាន់តែច្បាស់។
4. ស្គាល់ពីវប្បធម៌ល្បីល្បាញរបស់ជប៉ុន
វប្បធម៌ជប៉ុនបានក្លាយជាផ្នែកមួយនៃវប្បធម៌អន្តរជាតិ។ ក្នុងនេះជប៉ុនមានភាពល្បីល្បាញខ្លាំងដូចជា Anime, Sushi និងManga ជាដើម។ ដូច្នេះ ការរៀនភាសាជប៉ុន នឹងធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួលក្នុងការទទួលយកវប្បធម៌ និងមានទាន់សម័យនៃពិភពលោកទាំងមូល។
5. ផ្សារភ្ជាប់ខ្លួនទៅនឹងជនជាតិជប៉ុនបានលឿន
ភាពច្រើននៃអ្នកប្រើប្រាស់អ៊ីនធឺណិតជាជនជាតិជប៉ុន។
ការចេះភាសាជប៉ុននឹងភ្ជាប់អ្នកជាមួយប្រជាជនជប៉ុនបានកាន់តែលឿន ដែលអាចនឹងផ្ដល់អត្ថប្រយោជន័ដូចជាការបង្កើតមិត្តភក្តិ ការសិក្សា ការងារ និងអាជីវកម្មជាដើម។ មួយវិញទៀត បើសិនជាអ្នកចង់ទៅធ្វើដំណើរកំសាន្តឬរស់នៅប្រទេសជប៉ុន វាចាំបាច់ណាស់សម្រាប់អ្នកក្នុងការចេះភាសាជប៉ុន ពីព្រោះភាគច្រើននៃជប៉ុនជាតិជប៉ុនមិននិយាយភាសាអង់គ្លេសនោះទេ។
6. ភាសាជប៉ុនមិនពិបាកដូចអ្នកគិតទេ!
ការរៀនភាសាថ្មីមួយទៀតអាចជារឿងលំបាកសម្រាប់អ្នក ប៉ុន្ដែនៅពេលដែលអ្នកចាំផ្ដើមរៀនភាសាជប៉ុន អ្នកនឹងដឹងថាភាសាជប៉ុនមានភាពងាយស្រួលរៀន និងងាយស្រួលចងចាំខ្លាំងណាស់។ មនុស្សភាគច្រើនចាប់ផ្ដើមរៀនពីអក្សរhiragana មុន។ ដូច្នេះ បើសិនជាជាអ្នកចង់រៀនភាសាជប៉ុន អ្នកអាចចាប់ផ្ដើមរៀនពី hiragana នេះបាន។
7. ភាសាជប៉ុនគឺជាជំហានមួយក្នុងការរៀនភាសាអាស៊ីផ្សេងទៀត
មិនត្រឹមតែមានភាពងាយស្រួលក្នុងការរៀននោះទេ ភាសាជប៉ុនក៏មានភាពស្រដៀងគ្នាទៅនឹងភាសាអាស៊ីផ្សេងៗទៀតដែរដូចជា ភាសាចិន និងកូរ៉េជាដើម។ ដូច្នេះបើសិនជាអ្នកមានបំណងរៀនភាសាទាំងនោះ វានឹងធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួលក្នុងការចាប់យកបានលឿន។ មួយវិញទៀត បើមិនជាអ្នកចេះភាសាចិនឬកូរ៉េស្រាប់ ហើយអ្នកចង់រៀនជប៉ុនបន្ថែមនោះ វាក៏នឹងកាន់តែងាយស្រួលចាប់យកភាសាជប៉ុនបានលឿនដែរ ដោយសារតែភាពស្រដៀងគ្នារបស់វា។