ចំនួនមើល: 3616
ពិធីចុះហត្ថលេខាលេីអនុស្សារណ:យោគយល់គ្នាស្តីពីកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុនឡូដូស្យា និង គណៈគិលានុបដ្ឋាកកម្ពុជា
កាលពីថ្ងៃទី ២២ខែ មីនា ឆ្នាំ ២០២១ នៅក្រុមហ៊ុនឡូដូស្យា ពិធីចុះអនុស្សារណ:នៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឡូដូស្យា (Lodosha Co., Ltd.) និងគណៈគិលានុបដ្ឋាកកម្ពុជា(Cambodian Council of Nurses) ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម វ៉ា កូរ៉ា នាយកប្រតិបត្តិក្រុមហ៊ុនឡូដូស្យា និងលោកអនុបណ្ឌិត អ៊ុន សាន តំណាងគណៈគិលានុបដ្ឋាកកម្ពុជា។
អនុស្សារណ:យោគយល់គ្នានេះធ្វើឡើងរវាងក្រុមហ៊ុនឡូដូស្យា និងគណៈគិលានុបដ្ឋាកកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការគ្នាក្នុងគោលបំណងជួយស្វែងរកឱកាសការងារជំនាញជាក់លាក់ ផ្នែកថែទាំមនុស្សចាស់នៅប្រទេសជប៉ុនជូនគិលានុបដ្ឋាកដែលបានចុះបញ្ជិកានិងទទួលបានអាជ្ញាបណ្ណពីគណៈគិលានុបដ្ឋាកកម្ពុជាដែលមានលក្ខណៈសម្បត្តិ និងគុណវុឌ្ឍគ្រប់គ្រាន់បំពេញតាមលក្ខខណ្ឌការងារនៃជំនាញជាក់លាក់ផ្នែកថែទាំមនុស្សចាស់នៅប្រទេសជប៉ុន ឬមានបំណងបន្តការសិក្សាផ្នែកថែទាំមនុស្សចាស់នៅប្រទេសជប៉ុន។
ក្នុងអនុស្សារណៈរវាងក្រុមហ៊ុនឡូដូស្យា (Lodosha Co., Ltd.) និង គណៈគិលានុបដ្ឋាកកម្ពុជា(Cambodian Council of Nurses) យើងឃើញថាភាគីទាំងពីរបានយល់ព្រម លើកិច្ចសហប្រតិបត្តិការសំខាន់ៗដូចជា៖
១. ការស្វែងរកការងារជំនាញជាក់លាក់ផ្នែកទាំមនុស្សចាស់នៅប្រទេសជប៉ុនដល់គិលានុបដ្ឋាកដែលបានចុះបញ្ជិកានិងទទួលបានអាជ្ញាបណ្ណពីគណៈគិលានុបដ្ឋាកកម្ពុជា។
២. ការសម្របសម្រួល និងប្រឹក្សាយោបល់អំពីឱកាសការងារ និងការសិក្សាជំនាញជាក់លាក់ផ្នែកទាំមនុស្សចាស់នៅប្រទេសជប៉ុន។
៣. ការផ្ដល់កម្មវីធីបណ្ដុះបណ្ដាលភាសាជប៉ុនពីចម្ងាយតាមរយៈ Lodosha Japanese E-Learning App ដល់គិលានុបដ្ឋាកដែលបានចុះបញ្ជិកានិងទទួលបានអាជ្ញាបណ្ណពីគណៈគិលានុបដ្ឋាកកម្ពុជា។
៤. ការផ្ដល់ការសម្របសម្រួលដល់គិលានុបដ្ឋាកដែលបានចុះបញ្ជិកានិងទទួលបានអាជ្ញាបណ្ណពីគណៈគិលានុបដ្ឋាកកម្ពុជាក្នុងការប្រឡងយកវិញ្ញាបណ្ណបត្រជំនាញផ្នែកថែទាំមនុស្សចាស់ (Prometric Test Center នៅកម្ពុជា) ។
តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ យើងឃើញថាភាគីទាំងពីរនឹងស្វែងរកជំនាញជាក់លាក់នៅប្រទេសជប៉ុនសម្រាប់គិលានុបដ្ឋាកដែលបានចុះបញ្ជិកានិងទទួលបានអាជ្ញាបណ្ណពីគណៈគិលានុបដ្ឋាកកម្ពុជា ដោយឆ្លើយតបទៅនឹងស្មារតីនៃអនុស្សារណៈយោគយល់គ្នាក្នុងការអនុវត្តគោលនយោបាយទេសន្តប្រវេសន៍កម្លាំងពលកម្មរបស់ព្រះរាជាណាចក្រកម្ពុជានិងគោលនយោបាយការងារសម្រាប់ជនបរទេសរបស់ប្រទេសជប៉ុន។
ដោយ៖ Giselle (Lodosha)